ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៣ ឆ្នាំ២០១៧

នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៣ ឆ្នាំ២០១៧ និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក រវាងក្រុមបាល់ទាត់ធារីលីងគួយ និងក្រុមបាល់ទាត់ស.ស.យ.កស្រុករមាសហែក នៅពហុកីឡដ្ឋានខេត្តស្វាយរៀង ដែលសហការរៀបចំដោយសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ទស្សនិកជន និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់យ៉ាងច្រើនកុះករ ។

ក្នុងឳកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភដល់ក្រុមការងារផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍បាយ័នព័ត៌មាន ថវិកា ២លានរៀល ក្រុមអាជ្ញាកណ្ដាលដែលចូលរួមកាត់សេចក្ដីក្នុងការប្រកួតថវិកា ២លានរៀល និងឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួត ថវិកា ១លានរៀល ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៣ ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ និងបញ្ចប់នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលក្រុមបាល់ទាត់ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទាត់ធារីលីងគួយ ទទួលបានមេដាយមាស ១ ពានរង្វាន់ ១ និងថវិកា ៦លានរៀល ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់ស.ស.យ.កស្រុករមាសហែក ទទួលបានមេដាយប្រាក់ ១ និងថវិកា ៣លានរៀល និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ផេនដាហ្វេសស៊ី ទទួលបានមេដាយសំរិទ្ធិ ១ និងថវិកា ១លាន៥សែនរៀល និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមបាល់ទាត់ស.ស.យ.កស្រុកស្វាយរៀង ទទួលបានថវិកាលើកទឹកចិត្ត ១លាន៥សែនរៀល ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 4

សប្តាហ៍ 15

ខែ 78

សរុប 5545