ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួន ។

ការិយាល័យឯកឧត្ដមអភិបាលខេត្ត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួន ។

ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ជាពិសេសនាពេលកន្លងមក ឯកឧត្ដមក្នុងនាមអាជ្ញាធរខេត្ត តែងតែផ្ដល់នូវភាពកក់ក្ដៅ តាមរយ:ការជួយសម្របសម្រួល សហការ និងគាំទ្រនូវរាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកអាចដំណើរការបានងាយស្រួល ដោយរលូន និងមានការរីកចម្រើនជាលំដាប់ ។ ជាមួយនេះ លោកក៏បានសំណូមពរដល់ ឯកឧត្ដមអភិបាលខេត្ត សូមបន្តជួយគាំទ្រចំពោះគម្រោងវិនិយោគផ្សេងៗទៀតរបស់ក្រុមហ៊ុននាពេលខាងមុខ ។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុនដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតការងារធ្វើជាច្រើនកន្លែងសម្រាប់ប្រជាជនខេត្តស្វាយរៀង ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងក៏សូមចូលរួមអបអរសាទរចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនដែលចេះតែមានការរីកចម្រើនជាលំដាប់ ដែលមិនត្រឹមតែផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ប្រជាជន និងខេត្តស្វាយរៀង ផងដែរ ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្ត សូមស្វាគមន៍ គាំទ្រ និងសម្របសម្រួលសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកក្នុងការបង្កើតការងារធ្វើបន្ថែម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ៕

វេទិការៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការគាំទ្រលើការងារលើកកម្ពស់អនាម័យជនបទ

វេទិការៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការគាំទ្រលើការងារលើកកម្ពស់អនាម័យជនបទ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានសហការរៀបចំវេទិការៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការគាំទ្រលើការងារលើកកម្ពស់អនាម័យជនបទ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈភិបាលខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីលោកជំទាវ តេង យូគី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រី អភិបាលរងក្រុង ស្រុក តំណាងរដ្ឋបាលខេត្តកណ្តាល និងតាកែវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត មន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តតាកែវ។

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានលើកឡើងថា វេទិកានេះពិតជាមានអត្ថន័យ និងមានសារៈសំខាន់ណាស់ នឹងជួយបង្កើនការរៀនសូត្រនូវអ្វីដែលថ្មីៗ ដើម្បីចងក្រងឯកសារ និងចែករំលែកបទពិសោធដ៍ល្អៗ ពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ ក្នុងការចូលរួមដោះស្រាយបញ្ហាផេ្សងៗ បង្កើនការលើកទឹកចិត្ត បង្កើនមិត្តភាព កិច្ចសហការល្អ ការប្តេជ្ញាចិត្តខ្ពស់ ការលះបង់ បង្កើនឆន្ទៈក្នុងការអនុវត្តគម្រោងលើកកម្ពស់សុខភាព និងអនាម័យនៅជនបទ ដែលទាំងនេះជាធាតុចូលដ៏សំខាន់នាំឲ្យយើងរកឃើញនូវយន្តការ និងវិធីសាស្ត្រ ដើម្បីជំរុញឲ្យស្ថានភាពអនាមយ័នៅកម្ពុជាមានភាពល្អប្រសើរឡើង ចៀសផុតពីជំងឺឆ្លងផ្សេងៗ ក្នុងន័យលើកកម្ពស់សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕

សិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០១៧ នៅក្រុងបាវិត និងស្រុកកំពង់រោទិ៍

នាព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្រុងបាវិត និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០១៧ ដែលស្រុកកំពង់រោទិ៍ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ពេជ សាវ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្ត និងនៅក្រុងបាវិត ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក គណៈអភិបាលក្រុង គណៈអភិបាលស្រុក តំណាងកងកម្លាំងទាំងបី ការិយាល័យនានាជុំវិញក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

សិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់នៅថ្នាក់ក្រុង ស្រុកនេះ ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីឲ្យគម្រោងសកម្មភាពជាអាទិភាពស្នើឡើងដោយឃុំ សង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។

ដំណើរការសិក្ខាសាលានេះ ប្រព្រឹត្តទៅដោយមានការចុះកិច្ចសន្យាគាំទ្រគម្រោងរវាងមន្ទីរជំនាញ និងអង្គការនានា ជាមួយនឹងអង្គភាពអនុវត្តនៅថ្នាក់ក្រុង ស្រុក ក្នុងនោះនៅក្រុងបាវិត មានគម្រោងគាំទ្រសរុប ចំនួន ១១៨ គម្រោង (ក្នុងគម្រោង ៥៤គម្រោង និង ក្រៅគម្រោងចំនួន ៦៤គម្រោង) និងនៅស្រុកកំពង់រោទិ៍ មានគម្រោងគាំទ្រសរុប ៣៥០គម្រោង (ក្នុងគម្រោង ៥៤គម្រោង និង ក្រៅគម្រោងចំនួន ២៩៦គម្រោង) ៕

ពិធីសំណេះសំណាលជាមួយពលទាហានស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១

នាព្រឹកថ្ងៃពុធ ០៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌឲ្យយោធភូមិភាគទី១កងទ័ពជើងគោក ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយពលទាហានស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលប្រារព្ធធ្វើនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ។ អញ្ជើញចូលរួមក្នុងពិធីនេះ រួមមានឯកឧត្ដមអភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានស្ម័គ្រចិត្តដែលទើបជ្រើសរើសថ្មី ទាំង ១១៥រូប ។

មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានចូលរួមអបអរសាទរជាមួយនឹងលទ្ធផលដ៏ប្រសើរដែលពលទាហានស្ម័គ្រចិត្ត ទាំង ១១៥រូប ទទួលបាននៅពេលនេះ ដែលមិនត្រឹមតែជាមោទភាពសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរបស់ក្រុមគ្រួសារ និងឳពុកម្ដាយរបស់ពលទាហានស័្មគ្រចិត្តទាំងអស់ផងដែរ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុងនាមជាសេនាធិការឲ្យក្រុមការងារជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌឲ្យយោធភូមិភាគទី១កងទ័ពជើងគោក ខេត្តស្វាយរៀង ដែលបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងសកម្មបំផុត ដោយបានចុះធ្វើការផ្សព្វផ្សាយ និងចែកពាក្យស្នើសុំ ដល់គ្រប់មូលដ្ឋាននៅទូទាំងខេត្ត នាំឲ្យសម្រេចបាននូវផែនការជ្រើសរើសយុវជនស្ម័គ្រចិត្តប្រកបដោយសក្ដានុពលទាំង ១១៥រូប ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ បានប្រកបដោយជោគជ័យទៅតាមសន្ទស្សន៍ ដែលគណៈកម្មការជ្រើសរើសទ័ពរបស់អគ្គបញ្ជាការបានកំណត់ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថា ជាភ័ព្វសំណាងណាស់ដែលនាយទាហាន និងពលទាហានយើងនាពេលបច្ចុប្បន្នចូលបម្រើក្នុងជួរកងទ័ព ចំពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដូច្នេះក្រៅពីមានកាតព្វកិច្ចក្នុងការការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ គឺមានភារកិច្ចដ៏ធំមួយទៀតគឺការពារ និងថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាពដែលយុទ្ធជនជំនាន់មុនក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានតស៊ូ លះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត កសាងបានទាំងលំបាកសម្រាប់ប្រជាជន និងប្រទេសជាតិ ។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ពលទាហានស័្មគ្រចិត្តទាំងអស់ដែលនឹងត្រូវបញ្ជូនទៅសាលាហ្វឹកហ្វឺននាពេលខាងមុខ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ រក្សាឲ្យបាននូវសាមគ្គីភាព មិនត្រូវសេពគ្រឿងស្រវឹងនៅពេលហ្វឹកហាត់ និងក្នុងម៉ោងរៀនសូត្រ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យ និងបទបញ្ជាផ្ទៃក្នុង ក្នុងវគ្គ និងពេលវេលារៀនសូត្រ ។ ជាចុងបញ្ចប់ឯកឧត្ដមអភិបាលបានឧបត្ថម្ភដល់ពលទាហានស័្មគ្រចិត្តទាំង ១១៥នាក់ ក្នុង ១នាក់ ទទួលបានថវិកា ៥ម៉ឺនរៀល ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 3

សប្តាហ៍ 15

ខែ 105

សរុប 5899