ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

កិច្ចប្រជុំឆ្លុះបញ្ចាំងពីលទ្ធផល នៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

នារសៀលថ្ងៃទីសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស២០១៧នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំប្រធានទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត លោកអភិបាលស្រុករមាសហែក លោកអភិបាលស្រុកចន្ទ្រា លោក លោកស្រីតំណាងអង្គភាពពាក់ព័ន្ធនឹងសេវារដ្ឋបាលឃុំ សេវាអប់រំ(សាលាបឋមសិក្សា) និងសេវាសុខាភិបាល(មណ្ឌលសុខភាព) ព្រមទាំងតំណាងអង្គការស្ដារកម្ពុជា និងអង្គការ Oxfam ។

មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត ក្នុងនាមឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណចំពោះអង្គការស្ដារកម្ពុជា ដែលបានសហការរៀបចំនូវដំណើរទស្សកិច្ចសិក្សា និងកិច្ចប្រជុំដ៏មានសារៈសំខាន់នៅថ្ងៃនេះ ដែលពិតជានឹងចូលរួមជំរុញឲ្យការអនុវត្តការងារគណនេយ្យសង្គមនៅក្នុងខេត្ត ជាពិសេសអង្គភាពផ្ដល់សេវាទាំងបីនៅថ្នាក់មូលដ្ឋាន គឺរដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ឲ្យអនុវត្តការងាររបស់ខ្លួនក្នុងកិច្ចផ្ដល់សេវាតម្រូវការជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានកាន់តែមានប្រសិទ្ធភាពថែមទៀត ។ ជាមួយនេះ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានបង្ហាញជូនកិច្ចប្រជុំនូវវឌ្ឍនភាពការងារសំខាន់ៗដែលរដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជាអង្គភាពពាក់ព័ន្ធរួមគ្នាសម្រេចបានក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះនៅពេលអនុវត្ត នាពេលកន្លងមក ផងដែរ ។

កិច្ចប្រជុំនេះ បានដំណើរការដោយមានបទបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ព្រមទាំងមានការចូលរួមផ្ដល់ និងចែករំលែក មេរៀន បទពិសោធន៍ មតិយោបល់ពីសមាជិក សមាជិកានៃអង្គប្រជុំ ជាពិសេសអនុសាសន៍ល្អៗពីឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស សម្រាប់ជាមូលដ្ឋានក្នុងការបន្តអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តស្វាយរៀង ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ៕

មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក បាននាំយកអំណោយមុស្សធម៌ សរុប ១២៧គ្រួសារ

នៅថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ពៅ សុភាព អភិបាលរងខេត្ត និងជាហេរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក បាននាំយកអំណោយមុស្សធម៌ ចែកជូនចាស់ជរា ៥៣ គ្រួសារ កុមារកំព្រា ១០គ្រួសារ បងប្អូនពិការ ៥នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៥៩គ្រួសារ សរុប ១២៧គ្រួសារ មកពី ៤ឃុំ ក្នុងស្រុករមាសហែក គឺឃុំអណ្តូងត្របែក ៣២គ្រួសារ ត្រស់ ២៦គ្រួសារ អំពិល ២៩គ្រួសារ និងឃុំគគីរ ៤០គ្រួសារ ។

ក្នុងឱកាសនោះលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។ លោកជំទាវ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ពីសុខភាព រក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុក ដើម្បីចៀសវាងពីជំងឺផ្សេងៗមកបៀតបៀន ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីឲ្យភូមិ ឃុំយើងមានសុវត្ថិភាព និងរស់នៅប្រកបដោយភាពសុខដុមរមនា ។

ស្បៀង និងសម្ភារដែលបានចែកជូនទាំង ១២៧ គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ កន្ទេល ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប មី ១កេស មុង ១ ភួយ ១ ក្រមា ១ សារុង ១ និងថវិកា ៤០.០០០រៀល ៕

ទស្សនកិច្ចសិក្សាស្វែងយល់ "ការអនុវត្តការងារគណនេយ្យភាពសង្គម (I-SAF)"

នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស២០១៧នេះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមអមដំណើរគណៈប្រតិភូគណៈកម្មាធិការគ្រប់គ្រងការអនុវត្តការងារគណនេយ្យភាពសង្គម (គ.គ.អ.ស) ដឹកនាំដោយឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ "ការអនុវត្តការងារគណនេយ្យភាពសង្គម (I-SAF)" នៅឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលសហការរៀបចំឡើងដោយអង្គការស្តារកម្ពុជា (Star Kampuchea)

ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យសមាជិកគណៈកម្មាធិការ គ.គ.អ.ស បានសិក្សាស្វែងយល់បន្ថែមអំពីដំណើរការអនុវត្តផ្ទាល់នៅមូលដ្ឋាន និងផ្ដល់ជាអនុសាសន៍ ដើម្បីជំរុញឲ្យការអនុវត្តការងារគណនេយ្យភាពសង្គមកាន់តែមានប្រសិទ្ធភាព ។

ក្នុងឱកាសនោះ បន្ទាប់ពីអញ្ជើញទស្សនាការបិទផ្សាយព័ត៌មាននៅសាលាឃុំព្រៃគគីរ មណ្ឌលសុខភាពព្រៃគគីរ និងសាលាបឋមសិក្សាហ៊ុន សែន ព្រៃគគីរ ប្រតិភូក៏បានចូលរួមវេទិការៀបចំនៅវត្តព្រៃគគីរដួច ដែលមានអ្នកចូលរួមជាង ៣០០នាក់ ដើម្បីស្តាប់បទពិសោធន៍ និងបញ្ហាប្រឈមក្នុងការអនុវត្តការងារ I-SAF ពីអាជ្ញាធរស្រុក អង្គភាពផ្តល់សេវាទាំង ៣ និងអ្នកសម្របសម្រួលសហគមន៍ផងដែរ ។

សូមបញ្ជាក់ថា តាមរយៈអនុស្សារណៈយោគយល់រវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការស្ដារកម្ពុជា ស្ដីពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅក្នុងខេត្តស្វាយរៀង មានស្រុកគោលដៅចំនួនពីរ គឺស្រុកចន្ទ្រា និងស្រុករមាសហែក ដែលក្នុងនោះមានសាលាឃុំ ចំនួន ២២ សាលាបឋមសិក្សា ចំនួន ៧៣ និងមណ្ឌលសុខភាព ចំនួន ១៥ ក្នុងនាមជាស្ថាប័នផ្ដល់សេវា (ផ្នែកផ្គត់ផ្គង់) បាននិងកំពុងដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដោយមានការគាំទ្រពីអង្គការស្ដារកម្ពុជា ៕

ទិវាជនពិការអន្តរជាតិ ៣ធ្នូ ខួបលើកទី៣៥ និងទិវាជនពិការកម្ពុជាខួបលើកទី១៩ ក្រោមប្រធានបទ “ធ្វើឲ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា”

នាព្រឹកថ្ងៃពុធ ០៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជនពិការអន្តរជាតិ ៣ធ្នូ ខួបលើកទី៣៥ និងទិវាជនពិការកម្ពុជាខួបលើកទី១៩ ក្រោមប្រធានបទ “ធ្វើឲ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា” ដែលរៀបចំនៅសាលាស្រុកកំពង់រោទិ៍ ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកកំពង់រោទិ៍ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរង លោកនាយករដ្ឋបាលសាលាស្រុក លោកប្រធាន អនុប្រធានការិយាល័យចំណុះសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក តំណាងអង្គការADD លោក លោកស្រីមេឃុំ ជំទប់ឃុំ និងបងប្អូនជាជនពិការក្នុងស្រុកកំពង់រោទិ៍ វត្តមានចូលរួមសរុប ១៦០នាក់ ។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ពីគោលបំណងនៃការប្រារព្ធទិវាជនពិការ ឆ្នាំ២០១៧នេះ គឺដើម្បីអបអរសាទរភាពជោគជ័យ នៃវិស័យពិការភាពនៅកម្ពុជា ក៏ដូចជាបន្តបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនពិការ ធានាដល់ធ្វើបរិយាប័ន្ន និងចលនាការនៃវិស័យពិការភាព ឲ្យទទួលបានស័ក្តិសិទ្ធិភាពនៃការអនុវត្តច្បាប់ និងអនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធនឹងកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រមទាំងបានលើកឡើងពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រេចបានក្នុងវិស័យពិការភាព ជាពិសេសក្នុងកិច្ចការជួយដល់ជនពិការ និងគ្រួសារឲ្យទទួលបាននូវគុណភាពជីវិតល្អប្រសើរ ។

ទន្ទឹមនេះ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសំណូមឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាលើកកម្ពស់សិទ្ធិជនពិការ កុំមានការរើសអើង ជាពិសេសធ្វើយ៉ាងណាឲ្យពួកគាត់បានចួលរួមគ្រប់សកម្មភាពក្នុងសង្គម ព្រមទាំងទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយសមធម៌ ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 4

សប្តាហ៍ 15

ខែ 78

សរុប 5545